“ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា)…

“ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ

អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានដឹកនាំពួកយើងសឡាតស៊ូពុស ហើយលោកបានសួរថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកសួរទៀតថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកក៏បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ហើយជាការពិតណាស់ ជួរទីមួយ គឺប្រៀបដូចជួររបស់ម៉ាឡាអ៊ីកាត់។ ប្រសិនបើពួកអ្នកបានដឹងពីឧត្តមភាពរបស់វា ពួកអ្នកប្រាកដជានឹងប្រញាប់ប្រញាល់ដើម្បីសឡាតនៅជួរទីមួយជាមិនខាន។ ពិតណាស់ ការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺជ្រះស្អាតជាងការដែលគេសឡាតតែម្នាក់ឯង។ ហើយការសឡាតរបស់បុរសម្នាក់ជាមួយបុរសពីរនាក់ គឺជ្រះស្អាតជាងការដែលគេសឡាតជាមួយបុរសម្នាក់។ អ្នកសឡាតមានកាន់តែច្រើនកាលណា គឺកាន់តែជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់”។

[صحيح]

الشرح

ថ្ងៃមួយ ណាពី ﷺ បានសឡាតស៊ូពុស។ បន្ទាប់មក លោកបានសួរថា៖ តើម្នាក់នេះបានចូលរួមសឡាតជាមួយពួកយើងដែរឬទេ? សហាហ្ពាត់បានឆ្លើយថា៖ អត់ទេ។ ក្រោយមក លោកបានសួរអំពីមនុស្សម្នាក់ទៀតថា៖ តើម្នាក់នេះបានមកចូលរួមសឡាតដែរឬទេ? ពួកគេបានឆ្លើយថា៖ អត់ទេ។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ សឡាតស៊ូពុស និងសឡាតអ៊ីស្ហា គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក) ព្រោះតែពួកគេខ្ជិលច្រអូសបំផុតក្នុងការមកសឡាតទាំងពីរនេះ និងដោយសារពួកគេពិបាកនឹងបង្ហាញឲ្យមនុស្សបានឃើញថា ខ្លួនបានចូលរួមសឡាតទាំងពីរនេះ ព្រោះជាពេលយប់ងងឹត។ ហើយប្រសិនបើអ្នកមានជំនឿទាំងឡាយបានដឹងពីផលបុណ្យបន្ថែមចំពោះការសឡាតស៊ូពុស និងសឡាតអ៊ីស្ហា(ព្រោះផលបុណ្យ គឺអាស្រ័យលើកម្រិតនៃភាពលំបាក) នោះពួកគេប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិន ទោះបីជាត្រូវវារដោយដៃនិងជង្គង់ទាំងពីរក៏ដោយ។ ហើយជួរទីមួយដែលនៅកៀកនឹងអ៊ីម៉ាំ គឺប្រៀបដូចជាជួររបស់ម៉ាឡាអ៊ីកាត់ដែលនៅក្បែរអល់ឡោះជាម្ចាស់នោះដែរ។ ប្រសិនបើអ្នកមានជំនឿទាំងឡាយបានដឹងពីឧត្តមភាពនៃការសឡាតនៅជួរទីមួយ នោះពួកគេប្រាកដជានឹងប្រណាំងប្រជែង ឬដណ្តើមគ្នាទៅកាន់ជួរទីមួយជាមិនខាន។ ចំណែកការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺទទួលបានផលបុណ្យច្រើនជាងការសឡាតម្នាក់ឯង ហើយការសឡាតជាមួយបុរសពីរនាក់ គឺប្រសើរជាងការសឡាតជាមួយបុរសម្នាក់។ ហើយសឡាតដែលមានមនុស្សចូលរួមច្រើន គឺអល់ឡោះស្រឡាញ់ជាង និងមានភាពល្អប្រសើរជាង។

فوائد الحديث

បង្គាប់ប្រើដល់អ៊ីម៉ាំម៉ាស្ជិតត្រូវតាមដានស្ថានភាពអ្នកមានជំនឿទាំងឡាយ(ដែលមកសឡាត) និងសួរនាំពីអ្នកដែលអវត្តមាន។

ការប្រកាន់ខ្ជាប់នូវការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ជាពិសេស សឡាតអ៊ីស្ហានិងសឡាតស៊ូពុស គឺជាសញ្ញាមួយនៃសេចក្តីជំនឿ។

បញ្ជាក់ពីផលបុណ្យដ៏ធំធេងនៃសឡាតអ៊ីស្ហានិងសឡាតស៊ូពុស ត្បិតការចូលរួមសឡាតទាំងពីរនេះទាមទារនូវការតស៊ូជម្នះនឹងខ្លួនឯង និងការអត់ធ្មត់លើការគោរពប្រតិបត្តិខ្ពស់។ ហេតុនេះ ផលបុណ្យរបស់វាក៏ធំធេងជាងសឡាតផ្សេងទៀតដែរ។

សឡាតរួមគ្នា(សឡាតជើម៉ាអះ)អាចធ្វើឡើងដោយមនុស្សចាប់ពីពីរនាក់ឡើងទៅ។

បញ្ជាក់ពីឧត្តមភាពនៃការសឡាតនៅជួរទីមួយ ហើយជំរុញឲ្យរួសរាន់ទៅកាន់វា។

ឧត្តមភាពនៃសឡាតដែលមានមនុស្សច្រើនចូលរួម ព្រោះកាលណាមានមនុស្សចូលរួមសឡាតកាន់តែច្រើន នោះផលបុណ្យក៏កាន់តែច្រើនដូចគ្នា។

អំពើល្អមានកម្រិតនៃឧត្តមភាពផ្សេងៗគ្នា ទៅតាមគុណតម្លៃដែលផ្តល់ដោយច្បាប់អ៊ីស្លាម និងលក្ខខណ្ឌដែលភ្ជាប់មកជាមួយ។

التصنيفات

Virtue and Rulings of Congregational Prayer