“ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង…

“ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនដដែលៗនៅទីនោះជារៀងរហូត។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនដដែលៗនៅទីនោះជារៀងរហូត។ ជនណាផឹកថ្នាំពុលសម្លាប់ខ្លួនឯង នោះថ្នាំពុលនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេផឹកវានៅក្នុងនរកជើហាន់ណាំជារៀងរហូត។ ជនណាសម្លាប់ខ្លួនឯងដោយដែក នោះដែកនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេយកវាចាក់ពោះខ្លួនឯងនៅក្នុងនរកជើហាន់ណាំជារៀងរហូត”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះអ្នកដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងលោកិយនេះថា ជាការពិតណាស់ នៅថ្ងៃបរលោក រូបគេនឹងត្រូវគេដាក់ទណ្ឌកម្មនៅក្នុងនរកជើហាន់ណាំដោយរបៀបដូចគ្នានឹងអ្វីដែលរូបគេបានធ្វើចំពោះខ្លួនឯងក្នុងលោកិយនេះ ជាការតបស្នងដ៏សក្តិសមបំផុត។ ដូចនេះ ជនណាដែលទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនពីលើភ្នំនៃនរកជើហាន់ណាំចុះទៅក្រោមជារៀងរហូត។ ជនណាដែលលេបថ្នាំពុលឬផឹកថ្នាំពុលសម្លាប់ខ្លួនឯង នោះថ្នាំពុលនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេផឹកវានៅក្នុងនរកជើហាន់ណាំជារៀងរហូត។ ជនណាដែលយកដែកចាក់ពោះសម្លាប់ខ្លួនឯង នោះដែកនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេនឹងយកវាមកចាក់ពោះខ្លួនឯងនៅក្នុងនរកជើហាន់ណាំជារៀងរហូត។

فوائد الحديث

ហាមឃាត់ការសម្លាប់ខ្លួនឯង ហើយវាជាបាបកម្មធំមួយដែលសក្តិសមនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់។

អ្វីដែលបានលើកឡើងក្នុងហាទីស្ហ គឺជារូបភាពមួយចំនួននៃការធ្វើអត្តឃាតខ្លួនឯង។ ទោះជាយ៉ាងណា ប្រសិនបើមនុស្សធ្វើអត្តឃាតខ្លួនឯង ទោះដោយវិធីសាស្រ្តណាក៏ដោយ ជននោះនឹងត្រូវគេដាក់ទណ្ឌកម្មដូចអ្វីដែលរូបគេបានធ្វើចំពោះខ្លួនឯងនោះ។ ពិតប្រាកដណាស់ មានសេចក្តីរាយការណ៍នៅក្នុងសៀវភៅសហេសអាល់ពូខរី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនដែលចងកសម្លាប់ខ្លួនឯង នោះរូបគេនឹងចងកខ្លួនឯងនៅក្នុងឋាននរក។ ហើយជនណាដែលចាក់ខ្លួនឯង នោះរូបគេនឹងចាក់ខ្លួនឯងនៅក្នុងឋាននរក”។

អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះប្រសាសន៍របស់ណាពី ﷺ ៖ “ជននោះនឹងស្ថិតក្នុងនរកជើហាន់ណាំជាអមតៈ” មានគេនិយាយថា៖ មានទស្សនៈជាច្រើនលើកឡើងចំពោះបញ្ហានេះ។ ទីមួយ៖ នេះគឺសំដៅលើអ្នកដែលប្រព្រឹត្តិវា ព្រោះគេបានចាត់ទុកថាវាជាប្រការដែលច្បាប់អនុញ្ញាត ទោះជាគេដឹងច្បាស់ថាវាជាប្រការដែលត្រូវបានច្បាប់ហាមឃាត់ក៏ដោយ។ បុគ្គលនេះនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ) ហើយនេះគឺជាទណ្ឌកម្មចំពោះរូបគេ។ ទីពីរ៖ អត្ថន័យនៃពាក្យថា អមតៈ គឺសំដៅលើរយៈពេលដ៏វែង និងការស្នាក់ដ៏យូរ មិនមែនជា ភាពស្ថិតស្ថេរ ឬអមតៈពិតប្រាកដនោះទេ ដូចដែលគេនិយាយថា៖ សូមឲ្យអល់ឡោះធ្វើឲ្យការគ្រប់គ្រងរបស់ស្ដេចសុលតនស្ថិតស្ថេរជានិច្ច។ ទីបី៖ នេះគឺជាការតបស្នងសម្រាប់ជននោះ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់បានផ្តល់ការសន្តោសប្រណី និងបានប្រាប់ថា ជាការពិតណាស់ មិនស្ថិតក្នុងឋាននរកជាអមតៈឡើយ ជនណាដែលស្លាប់ក្នុងនាមជាអ្នកមូស្លីម។

នេះជាភាពស្របគ្នានៃការដាក់ទណ្ឌកម្មបរលោកទៅនឹងឧក្រិដ្ឋកម្មក្នុងលោកិយនេះ។ តាមរយៈនេះ គេអាចទាញបានថា បាបកម្មនៃឧក្រិដ្ឋកម្មដែលមនុស្សប្រព្រឹត្តលើខ្លួនឯង គឺដូចគ្នានឹងឧក្រិដ្ឋកម្មដែលរូបគេប្រព្រឹត្តលើអ្នកដទៃដែរ ពីព្រោះជីវិតរបស់គេមិនមែនជាកម្មសិទ្ធិដាច់ខាតរបស់គេឡើយ។ ផ្ទុយទៅវិញ វាជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ដូច្នេះ គេមិនអាចប្រើប្រាស់វាក្រៅពីទៅលើអ្វីដែលទ្រង់បានអនុញ្ញាតឲ្យនោះឡើយ។

التصنيفات

Crimes, Condemning Sins