“ចូរពួកអ្នកធ្វើសច្ចាប្រណិធាននឹងខ្ញុំថា ពួកអ្នកនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ…

“ចូរពួកអ្នកធ្វើសច្ចាប្រណិធាននឹងខ្ញុំថា ពួកអ្នកនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយក៏មិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា

អំពី អ៊ូហ្ពាហ្ទះ ពិន អាសស៏មិត رضي الله عنه ដែលគាត់បានចូលរួមសមរភូមិហ្ពាទើរ និងជាម្នាក់ក្នុងចំណោមមេដឹកនាំនៅយប់អាល់អាក៏ហ្ពះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ ខណៈដែលនៅជុំវិញលោក មានសហាហ្ពាត់មួយក្រុមថា៖ “ចូរពួកអ្នកធ្វើសច្ចាប្រណិធាននឹងខ្ញុំថា ពួកអ្នកនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយក៏មិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនសម្លាប់កូនៗខ្លួនឯង មិនប្រឌិតរឿងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងមិនប្រឆាំង(នឹងខ្ញុំ)ចំពោះប្រការល្អនោះឡើយ។ ហេតុនេះ ជនណាដែលបានអនុវត្តតាមក្នុងចំណោមពួកអ្នក ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះ។ តែជនណាដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើទាំងនេះ ហើយត្រូវបានគេដាក់ទោសនៅលើលោកិយ ការដាក់ទោសនោះ គឺជាការជម្រុះនូវបាបកម្មរបស់គេ។ រីឯជនណាដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើទាំងនេះ ក្រោយមក អល់ឡោះបានបិទបាំងវានោះ រឿងនោះគឺស្ថិតលើអល់ឡោះ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងអភ័យទោសឲ្យ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទោសគេ”។ ពេលនោះ ហើយពួកយើងក៏បានសច្ចាប្រណិធាននឹងលោកលើប្រការទាំងនោះ។

[صحيح] [متفق عليه]

الشرح

អ៊ូហ្ពាហ្ទះ ពិន អាសស៏មិត رضي الله عنه ដែលគាត់ស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមសមរភូមិហ្ពាទើរ និងជាមេដឹកនាំរបស់ក្រុមរបស់គាត់ដែលមកធ្វើសច្ចាប្រណិធានលើការជួយគាំទ្ររ៉ស៊ូលុលឡោះ ﷺ នាយប់អាល់អាក៏ហ្ពះ នៅឯមីណា (ខណៈដែលរ៉ស៊ូលុលឡោះនៅក្រុងម៉ាក្កះ មុនពេលដែលលោកធ្វើចំណាកស្រុកទៅកាន់ក្រុងម៉ាទីណះ) គាត់បានរាយការណ៍ថា៖ ពិតណាស់ ណាពី ﷺ លោកបានអង្គុយក្នុងចំណោមសហាហ្ពាត់របស់លោក ហើយលោកបានទាមទារពីពួកគេឲ្យធ្វើសច្ចាប្រណិធាននឹងលោកលើប្រការដូចខាងក្រោម៖ ទីមួយ៖ មិនត្រូវធ្វើស្ហ៊ីរិក គោរពសក្ការៈអ្វីផ្សេងរួមជាមួយអល់ឡោះឡើយ ទោះបីជាតិចតួចក៏ដោយ។ ទីពីរ៖ មិនត្រូវលួចឆក់។ ទីបី៖ មិនត្រូវប្រព្រឹត្តអំពើអសីលធម៌ផ្លូវភេទ(ហ្ស៊ីណា)។ ទីបួន៖ មិនត្រូវសម្លាប់កូនៗខ្លួនឯងឡើយ ទោះជាកូនប្រុសដោយសារតែខ្លាចក្រ ឬកូនស្រីដោយសារតែខ្លាចភាពអាម៉ាស់។ ទីប្រាំ៖ មិនត្រូវប្រឌិតរឿងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ។ ទីប្រាំមួយ៖ មិនត្រូវប្រឆាំងនឹងណាពី ﷺ ចំពោះប្រការល្អនោះឡើយ។ ដូចនេះ ជនណាដែលរក្សាពាក្យសច្ចាប្រណិធានទាំងនេះ ហើយប្រកាន់ខ្ជាប់នឹងវា នោះផលបុណ្យរបស់គេ គឺនៅឯអល់ឡោះជាម្ចាស់។ ក៏ប៉ុន្តែជនណាដែលប្រព្រឹត្តប្រការណាមួយក្នុងចំណោមប្រការដែលបានលើកឡើងខាងលើ(ក្រៅពីស្ហ៊ីរិក) ហើយត្រូវបានគេដាក់ទោសនៅក្នុងលោកិយនេះតាមរយៈការអនុវត្តចំណាត់ការផ្លូវច្បាប់លើរូបគេ នោះការដាក់ទោសនេះ គឺជាការជម្រុះនូវបាបកម្មរបស់គេ ហើយបាបកម្មនោះនឹងត្រូវបានលុបលាងតាមរយៈការដាក់ទោសនេះ។ រីឯជនណាដែលប្រព្រឹត្តល្មើសនឹងប្រការមួយក្នុងចំណោមប្រការទាំងនេះ ក្រោយមក អល់ឡោះបានបិទបាំងវា រឿងនោះគឺស្ថិតលើអល់ឡោះ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងអភ័យទោសឲ្យ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទោសគេ។ ពេលនោះ អ្នកទាំងអស់គ្នាដែលមានវត្តមាននៅពេលនោះបានធ្វើសច្ចាប្រណិធានលើប្រការទាំងនេះ។

فوائد الحديث

បញ្ជាក់ពីខ្លឹមសារដែលមានចែងនៅក្នុងសច្ចាប្រណិធានអាល់អាក៏ហ្ពះលើកទីមួយនៅក្រុងម៉ាក្កះ មុនពេលដែលការតស៊ូប្រយុទ្ធ(ជីហាទ)ត្រូវបានដាក់ជាកាតព្វកិច្ចលើពួកគេ។

អាស្ស៊ីនទី បាននិយាយថា៖ ប្រសាសន៍របស់លោក៖ “ចំពោះប្រការល្អ” វាច្បាស់ណាស់ថា ការបង្គាប់ប្រើរបស់លោកទាំងអស់ គឺជាប្រការល្អ និងមិនអាចស្រមៃថាវាផ្ទុយពីនេះនោះទេ។ ដូច្នេះ ប្រសាសន៍របស់លោក៖ “និងមិនត្រូវប្រឆាំង(នឹងខ្ញុំ)ចំពោះប្រការល្អ” គឺដើម្បីបញ្ជាក់ពីមូលហេតុនៃកាតព្វកិច្ចដែលត្រូវគោរពប្រតិបត្តិតាម និងដើម្បីជាការបញ្ជាក់ថា គ្មានការគោរពប្រតិបត្តិចំពោះភាវៈ(ម៉ាខ្លូក) ក្រៅពីប្រការល្អនោះឡើយ ហើយបញ្ជាក់ថា លក្ខខណ្ឌនៃការគោរពប្រតិបត្តិក្នុងការសច្ចាប្រណិធាន គួរតែបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ មិនមែនដាច់ខាតត្រូវតែគោរពប្រតិបត្តិនោះឡើយ។

មូហាំម៉ាត់ ពិន អ៊ីស្មាអេល អាត់តៃមី និងអ្នកផ្សេងទៀតបាននិយាយថា៖ ការរំលឹកជាពិសេសចំពោះការសម្លាប់កូនៗ ដោយសារវាជាការសម្លាប់(បទឧក្រិដ្ឋ) និងជាការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ដូចនេះ វាកាន់តែត្រូវបានហាមឃាត់។ ម្យ៉ាងទៀត ដោយសារតែការសម្លាប់កូនៗ គឺជាប្រការដែលសុសសាយក្នុងចំណោមពួកគេ ដោយពួកគេកប់កូនស្រីទាំងរស់ និងសម្លាប់កូនប្រុសដោយសារខ្លាចក្រ។ ឬក៏ គេលើកឡើងជាពិសេសអំពីកូនៗ ពីព្រោះកូនក្មេងមិនអាចការពារខ្លួនឯងបានឡើយ។

អាន់ណាវ៉ាវី បាននិយាយថា៖ ភាពទូទៅនៃហាទីស្ហនេះត្រូវបានកំណត់ដោយបន្ទូលរបស់អល់ឡោះថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ”។ ដូចនេះ ចំពោះអ្នកដែលរបូតចេញពីសាសនា(មួរតាត់) ប្រសិនបើត្រូវបានគេសម្លាប់ក្នុងនាមជាអ្នកដែលបោះបង់សាសនា នោះការសម្លាប់នោះមិនមែនជាការជម្រុះចោលនូវបាបកម្មឡើយ។

អាល់កទី អ៊ីយ៉ាទ បាននិយាយថា៖ សាសនវិទូឥស្លាមភាគច្រើនយល់ថា ការដាក់ទោស(ទៅតាមអ្វីដែលច្បាប់ឥស្លាមបានកំណត់) គឺជាការជម្រុះនូវបាបកម្ម។

التصنيفات

Repentance